គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សិក្ខាសាលាដ៏សំខាន់មួយដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងមេតាបូលីសនៅកម្ពុជា

កាលបរិច្ឆេទ: ០៩ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren

នៅថ្ងៃទី ៥ ខែកក្កដា ទីក្រុងភ្នំពេញបានរៀបចំសិក្ខាសាលាដ៏សំខាន់មួយក្រោមចំណងជើងថា «ធ្វើឱ្យប្រសើរឡើងនូវការថែទាំជំងឺបេះដូង និងមេតាបូលីសផ្ដោតលើ ការរួមបញ្ចូលគ្នារវាងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង (CVD) នៅកម្ពុជា» "Advancing Cardiometabolic Care: Integrating Diabetes and Cardiovascular Disease Management in Cambodia." ។ សិក្ខាសាលានេះរៀបចំដោយសហគ្រាស​ផលិត​ឱសថ PPM សហការជាមួយក្រុមហ៊ុន Sanofi បានប្រមូលផ្តុំអ្នកជំនាញជាង ១៥០ នាក់ ចូលរួម​ដោយ​ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាអំពីបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយៈ ការគ្រប់គ្រងជំងឺមិនឆ្លង (Cardiometabolic) ដែលជាមូលហេតុនៃការស្លាប់ចន្លោះពី ៦០ ទៅ ៦៨% នៅក្នុងប្រទេស ក្នុងនោះ ២៣% ជាការស្លាប់មុនអាយុ។

ក្នុងចំណោមវាគ្មិនមាន ឯកឧត្តម​សាស្រ្តចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត​ សុខ​ ជួរ ​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​សមាគមជំងឺបេះដូង​កម្ពុជា លោកសាស្រ្តាចារ្យ​ជំនួយ វេជ្ជបណ្ឌិត​ ទូច​ ឃុន ឯក​ទេស​ជំងឺ​ទឹកនោម​ផ្អែម និង​ជា​នាយ​ក​មជ្ឈមណ្ឌល​ជំងឺទឹកនោម​ផ្អែម​ កម្ពុជា-កូរ៉េ នៃមន្ទីរ​ពេទ្យ​មិត្ត​ភាពកម្ពុជា-ចិន​ ព្រះកុសមៈ និង​លោក​វេជ្ជបណ្ឌិត​ លីវ​ ឈិញ ឯកទេស​ជំងឺបេះដូង​ FCHA និង​ជា​អ្នក​ពិគ្រោះ​ជំងឺ​ជាន់ខ្ពស់​នៃ​អគ្គនាយក​ដ្ឋានជំងឺបេះដូង របស់​លេខាធិការ​ដ្ឋាន​នៃ​សមាគមជំងឺបេះដូង​កម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ បានសង្កត់ធ្ងន់លើតម្រូវការឱ្យមាន​ការ​ចូលរួម​ពីគ្រូពេទ្យ​គ្រប់ពហុជំនាញ។ លោកបានមានប្រសាសន៍ថា «នៅក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា វាជាការចាំបាច់ណាស់ដែលអ្នកជំនាញត្រូវសហការគ្នាដើម្បីផ្តល់ការថែទាំល្អបំផុតដល់អ្នកជំងឺ»។ លោកក៏បានរំលឹកផងដែរថា ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល។

ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ វេជ្ជបណ្ឌិត លីវ ឈិញ បានពន្យល់ថា ការសហការរវាងអ្នកជំនាញអាចជួយការពារផលវិបាក និងការស្លាប់មុនអាយុបានយ៉ាងមានប្រសិទ្ធភាព។ គោលបំណងរបស់លោកគឺ «ការពារអ្នកជំងឺកុំ​ឱ្យ​គាត់រស់ដោយ​ពិបាក ការ​ពារ​កុំ​ឱ្យ​គាត់​ពិការ និង​ការ​ពារ​កុំ​ឱ្យ​គាត់កើតជំងឺអ្វីផ្សេងទៀត»។

សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត ទូច ឃុន បានបដិសេធនឹង​ការ​យល់​ច្រលំថា មាន​តែ​អ្នក​ជំងឺ​ទឹក​នោមផ្អែមដំណាក់កាល​ចុង​ក្រោយ​ទេ​​ដែលត្រូវ​​ប្រើប្រាស់​អាំងសូលីន៖ «​ មាន​តែអាំងសូលីនទេ​ដែល​បញ្ចុះ​ជាតិស្ករ​បាន​ល្អជាង​គេ​ ហើយ​មាន​ប្រសិទ្ធភាព​។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រើ​ អាំងសូលីន​ឱ្យ​បាន​ឆាប់​ជា​ការ​ប្រសើរ»។​

ចំណែកឯ វេជ្ជបណ្ឌិត Vijeta Tiwari ប្រធានផ្នែកអាស៊ីនៃក្រុមហ៊ុន Sanofi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ថ្នាំដែលមានគុណភាពក្នុងតម្លៃសមរម្យ។ លោកស្រីបានធានាថា៖ «យើងចង់បម្រើប្រជាជនដែលងាយរងគ្រោះបំផុត មិនមែនត្រឹមតែអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះទេ»

តំណាងឱ្យ​លោកបណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយ​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹម លោក តិច ស៊ីម៉ូ ប្រធាន​គ្រប់គ្រង​ពាណិជ្ជកម្មប៉េប៉េអឹមនៅកម្ពុជា បានសម្តែងការពេញចិត្តចំពោះភាពរឹងមាំនៃភាពជាដៃគូជាមួយក្រុមហ៊ុន Sanofi ដោយកត់សម្គាល់ថា PPM និង​ Sanofi  មាន​ចក្ខុវិស័យ​តែមួយ​ក្នុង​ការ​ចូលរួម​ផ្តល់​នូវ​ឱសថ​ប្រកប​ដោយ​គុណភាព​ និង​សុវត្ថិភាព​ ជាមួយ​នឹង​តម្លៃ​សមរម្យ​ ដែល​អនុញ្ញា​ត​ឱ្យ​អ្នក​ជំងឺគ្រាប់​ស្រទាប់​វណ្ណៈមាន​លទ្ធភាព​ទិញថ្នាំយក​ទៅ​ព្យាបាល​បាន​៕​